សមាជិកក្រុមការងារចុះជួយស្រុកឱរ៉ាល់ម្នាក់ រងបណ្តឹងថា បានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បី...

សមាជិកក្រុមការងារចុះជួយស្រុកឱរ៉ាល់ម្នាក់ រងបណ្តឹងថា បានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិជាង ៥៧ហិកតា
        កំពង់ស្ពឺ៖ លោកស្រី ភុំ ផាន់ណាវី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ បានរងបណ្តឹងពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ថាបានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃជាង ៥៧ហិកតាដើម្បីយកធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តិនៅភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ដែលចេញដោយ លោក ចក់ សម្បត្តិ តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរបរិស្ថាន ដឹកនាំដោយលោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថាន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងអ្នកស្នើសុំ បានចុះពិនិត្យទីតាំងដីចំនួន ២កន្លែង មានទំហំ ៥៧ហិកតា និង៧៩អារ ស្ថិតនៅភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជនសង្ស័យ ឈ្មោះ ភុំ ផាន់ណាវី បានស្នើសុំឱ្យចេញលិខិតបញ្ជាក់សម្រាប់យកទៅធ្វើបណ្ណកម្មសិទ្ធិ។ បន្ទាប់ពីពិនិត្យផ្ទៀងផ្ទាត់ឃើញថា ដីចំនួន ២ក្បាលដី មានទំហំ ៥៧ហិកតា និង៧៩អារ មានសង់ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៨ម៉ែត្រ x ១០ម៉ែត្រ ចំនួន១ខ្នង រួមទាំងដំណាំចេក ដូង ខ្នុរ ស្វាយ ជាដីតំបន់ការពារធម្មជាតិ នៅត្រង់និយាមកាលេខ ៣៩០៤៣៥-១២៩០០៥០ និង៣៨៨៨១៩-១២៨៨៩៤៦។

តំណាងអយ្យការសាលាដំបូង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ប្រសិនបើរកឃើញថា អំពើរបស់ឈ្មោះ ភុំ ផាន់ណាវី ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិពិតមែននោះ ដែលជាបទល្មើសមានចែងផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

ក្នុងដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរនោះដែរ តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ក៏បានបើកការស៊ើបសួរលើអង្គហេតុខាងលើ និងស្នើសុំដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ ភុំ ផាន់ណាវី ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដែលមានចែង ផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ បន្ទាប់មកសំណុំរឿងនេះ ត្រូវបានចៅក្រមសម្រេចចេញដីកាបង្គាប់ឱ្យចូលខ្លួន និងឃុំខ្លួនលើលោកស្រី ភុំ ផាន់ណាវី ជាបណ្តោះអាសន្ន។

ពាក់ព័ន្ធនឹងករណីនេះ លោកស្រី ភុំ ផាន់ណាវី បានលើកឡើងថា ការដំណើរការរឿងក្តីរបស់លោកស្រីដែលរងបណ្តឹងពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជារឿងអយុត្តិធម៌សម្រាប់លោកស្រី។ ដីទាំង២ប្លង់ដែលមន្ទីរបរិស្ថានប្តឹងគឺជាដីដែលបានទិញពីប្រជាពលរដ្ឋកាន់កាប់អាស្រ័យផល និងមានលំនៅដ្ឋានស្រាប់តាំងពីឆ្នាំ២០១៤។ ក្រោយទិញក៏មានការបញ្ជាក់ទទួលស្គាល់ និងដឹងឭពីអាជ្ញាធរភូមិ ឃុំផងដែរ។

លោកស្រីបានបញ្ជាក់បន្ថែមថា ការចោទប្រកាន់ថា បានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាការចោទដោយមូលបង្កាច់ ក្នុងចេតនាធ្វើឱ្យលោកស្រីត្រូវទទួលទោសទណ្ឌទាំងអយុត្តិធម៌។ លោកស្រីថា មន្ទីរបរិស្ថាន ក៏ដូចជាអយ្យការសាលាដំបូងខេត្ត គួរតែបើកការស៊ើបអង្កេតឱ្យបានល្អិតល្អន់ និងទទួលយកការបញ្ជាក់ពីអាជ្ញាធរភូមិឃុំពីសាវតាដីដែលលោកស្រីបានទិញពីប្រជាពលរដ្ឋ។

ទន្ទឹមនឹងការចោទប្រកាន់នេះដែរ លោកស្រី ភុំ ផាន់ណាវី បានសំដែងការខកចិត្តយ៉ាងខ្លាំង ក្រោយទទួលបានការចាត់ការតាមផ្លូវតុលាការពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិទាំងដែលលោកស្រីចំណាយលុយជិត ៤ម៉ឺនដុល្លារ ដើម្បីទិញដីនេះពីពលរដ្ឋ និងមានការដឹងឭពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។ លោកស្រីស្នើឱ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ និងផ្តល់ភាពស្អាតស្អំដល់លោកស្រីដែលជាស្ត្រីស្លូតត្រង់ និងកំពុងជួយដល់សកម្មភាពការងារសង្គម និងបក្ស ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ជាងនេះសុំឱ្យថ្នាក់លើពិចារណាឡើងវិញចំពោះមន្ត្រីបរិស្ថានដែលបានចោទប្រកាន់មកលើលោកស្រីទាំងបំពានដោយមិនបានពិនិត្យលើឯកសារកាន់កាប់សុច្ចរិត ដែលមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ 

លោកស្រី ភុំ ផាន់ណាវី បានបញ្ជាក់ផងដែរថា ក្នុងករណីដែលតុលាការរកឃើញថា ដីប្រមាណជាង ៥៧ហិកតាដែលស្ថិតនៅទីតាំងខាងលើនៃស្រុកឱរ៉ាល់ ជាដីដែលលោកស្រីបានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដូចការចោទប្រកាន់របស់មន្ទីរបរិស្ថាន លោកស្រីសុខចិត្តប្រគល់ដីនេះទៅឱ្យរដ្ឋវិញដោយគ្មានលក្ខខណ្ឌនិងព្រមទទួលទោសចំពោះមុខច្បាប់ ប៉ុន្តែស្នើឱ្យមន្ទីរបរិស្ថានក៏ដូចតុលាការ ត្រូវវិនិច្ឆ័យឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ ខណៈដីមួយចំនួននៅក្នុងស្រុកឱរ៉ាល់ ពិសេសដីក្បែរខាងលោកស្រីនៅពុំទាន់មានប្លង់កាន់កាប់ច្បាស់លាស់នៅឡើយ៕
ផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ 
ប្រភពពី៖ CNC
ផ្សាយដោយ៖ នាគ.២៤

0/Post a Comment/Comments