លោកជំទាវអភិបាលខេត្តប៉ៃលិន នឹងផ្តល់រង្វាន់លើកទឹកចិត្តអាហារូបករណ៍ដល់បេក្ខជនប្រឡងបាក់ឌុប ដែលទទួលបាននិទ្ទេសល្អ

លោកជំទាវអភិបាលខេត្តប៉ៃលិន នឹងផ្តល់រង្វាន់លើកទឹកចិត្តអាហារូបករណ៍ដល់បេក្ខជនប្រឡងបាក់ឌុប ដែលទទួលបាននិទ្ទេសល្អ
ខេត្តប៉ៃលិន ៖ លោកជំទាវអភិបាលខេត្តប៉ៃលិន បានធ្វើការលើកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឲ្យខិតខំប្រឹងប្រែង ដើម្បីទទួលបាននិទ្ទេសល្អ នឹងទទួលបានអាហារូបករណ៍ពីរដ្ឋបាលខេត្ត។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ដោយផ្តល់អាហារូបករណ៍ជូនសិស្សានុសិស្ស ដែលទទួលបាននិទ្ទេសល្អ ជាពិសេសអ្នកដែលមានជីវភាពក្រីក្រខ្វះខាត មានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា(សកលវិទ្យាល័យ)។ ការប្រកាសផ្តល់រង្វាន់លើកទឹកចិត្តនេះ ធ្វើឡើងនៅក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមប្រសាសន៍របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានក្រើនរំលឹកដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសាទាំងអស់ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយការប្រឡងឆ្នាំ២០២៥នេះ ក៏មិនខុសពីឆ្នាំមុនៗ ដែរ ដោយនីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរ៉ឹងបំផុត ពោលគឺ «អ្នកចេះ ត្រូវតែជាប់»។ លោកជំទាវអភិបាលខេត្ត ក៏បានបង្ហាញនូវហឹបវិញ្ញាសា ជូនដល់បេក្ខជនប្រឡង ដោយពិនិត្យមើលភាពបិទជិត មានបិទស្គុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើជូនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី និងក្លាយទៅជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគតខាងមុខផងដែរ។ បើតាមប្រភពព័ត៌មានពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ៖  ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥នេះ គឺប្រព្រឹត្តទៅត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ហើយចំពោះខេត្តប៉ៃលិន មានមណ្ឌលប្រឡង ចំនួន០២មណ្ឌល គឺស្ថិតនៅទីតាំងក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានចំនួន២៥បន្ទប់ មានបេក្ខជនសរុបចំនួន ៦០៣នាក់ ស្រី ៣៨២នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៧៣នាក់ ស្រី៤០នាក់ ៕

0/Post a Comment/Comments